ទំព័រដើម >> ព័ត៌មាន >>
ព័ត៌មានក្នុងស្រុក >>moonOS៖ Linux Distro បង្កើតឡើងដោយកូនខ្មែរ
|
|
moonOS៖ Linux Distro បង្កើតឡើងដោយកូនខ្មែរ
|
ខ្ញុំជឿជាក់ថាលោកអ្នកពិតជាធ្លាប់ស្គាល់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ លីនុច (Linux) ដែលមានលក្ខណៈជា Open Sourceម្យ៉ាងទៀតនៅតាមបណ្ដាសកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជាក៏មានបង្រៀនអំពីលីនុចផងដែរគឺលីនុច ឌីស្ត្រូ (Linux) RedHat ឬ Fedora ដល់និស្សិតផ្នែក IT ។ បើយើងនិយាយអំពី Linux Distro (Distribution) គឺមានច្រើនដូចជា openSUSE, Debian, RedHat, Fedora, Ubuntu, Mandriva, Xandros, moonOS ជាដើម ។ ដែលក្នុងនោះ Linux Distro moonOS បានបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលជាយុវជនម្នាក់បច្ចុប្បន្នកំពុងសិក្សានៅថ្នាក់វិទ្យាល័យនៅឡើយ ។ តើយុវជននេះជានរណា មកពីណា ហើយអ្វីដែលបានលើកទឹកចិត្តឲ្យគេសម្រេចបានស្នាដៃមួយនេះ ដែលនៅប្រទេសកម្ពុជាពុំទាន់មាននរណាម្នាក់បានធ្វើនៅឡើយ និងអាចនិយាយបានថារូបគេគឺជាមនុស្សដំបូងដែលមានវ័យក្មេងនៅកម្ពុជាដែលបង្កើតបានស្នាដៃមួយនេះ ដូច្នេះសូមតាមដានកិច្ចសម្ភាសន៍រវាងយុវជនវ័យក្មេងរូបនេះជាមួយនិងទស្សនាវដ្ដីយើងខ្ញុំដូចខាងក្រោម ៖
១. សួស្ដីប្អូនប្រុស! តើប្អូនអាចរៀបរាប់អំពីប្រវត្តិផ្ទាល់ខ្លួនឲ្យមិត្តអ្នកអានបានស្គាល់ផងបានទេ?
បាទ! ខ្ញុំបាទឈ្មោះ ធីម ច័ន្ទ ឬទ្ធី អាយុ ១៨ ឆ្នាំ បច្ចុប្បន្នជាសិស្សថ្នាក់ទី ១២ A2 នៃវិទ្យាល័យច្បារអំពៅ ។ ហើយសព្វថ្ងៃនេះរស់នៅក្នុងបន្ទុកឪពុកម្ដាយនៅសង្កាត់ និរោធ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
|
|
២.សូមប្អូនរៀបរាប់ថាតើអ្វីទៅជាប្រព័ន្ធប្រតិបត្តិការ moonOS ហើយគម្រោងនេះចាប់ផ្ដើមតាំងពីពេលណាមកដែរ?
ខ្ញុំសូមណែនាំអំពី Linux Distro moonOS ។ moonOS គឺជាប្រព័ន្ធប្រតិបត្តិការ លីនុចមួយ ដែលមានមុខងារដូចនឹងប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ដែលគ្រប់គ្នាបានស្គាល់រួចមកហើយ។ moonOS ត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៨ ដោយយក Ubuntu មកធ្វើជាមូលដ្ឋានក្នុងការបង្កើត។ បានជាខ្ញុំយក Ubuntu មកធ្វើជាមូលដ្ឋានដោយសារតែ Ubuntu មានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយវាគឺជាលីនុចឌីស្ត្រូ មួយដែលល្បីបំផុតនៅក្នុងពិភពប្រព័ន្ធប្រតិបត្តិការលីនុច ។ moonOS វាជាប្រព័ន្ធប្រតិបត្តិការកូដចំហ និងឥតគិតថ្លៃ ដូច្នេះគ្រប់គ្នាអាចប្រើប្រាស់វាបានដោយសេរី និងស្របច្បាប់។
ខ្ញុំបានចាប់ផ្ដើមសិក្សាពីគម្រោងនេះនៅពេលដែលខ្ញុំរៀនថ្នាក់ទី ៩ ហើយនៅចុងឆ្នាំ ២០០៨ខ្ញុំក៏សម្រេចបាន moonOS កំណែ១.០ ហើយបានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់។ បន្ទាប់មកនៅក្នុងខែ កុម្ភៈ ឆ្នាំ ២០០៩ moonOS កំណែ ២.0 ក៏បានចេញផ្សាយហើយវាទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្រៅប្រទេស ហើយព្រមទាំងបានចុះក្នុងបញ្ជីលីនុច ឌីស្ត្រូជាផ្លូវការក្រោយពីកំណែ ២.០ ចេញផ្សាយបាន១សប្ដាហ៍ ។ បច្ចុប្បន្ននេះ moonOS មានកំណែ ៣.0 បានចេញផ្សាយកាលពីកំឡុងខែ កញ្ញា ឆ្នាំ ២០០៩ និងត្រូវបានអ្នកប្រើ Download ប្រហែល ៤ពាន់ដងនៅពេលដែលចេញផ្សាយបាន១ថ្ងៃ ព្រមទាំងបានជាប់ចំណាត់ថ្នាក់លេខ ៤៤ ក្នុងចំណោមប្រព័ន្ធប្រតិបត្តិការលីនុចល្បីបំផុតទាំង ១០០ សូមមើលក្នុងវ៉ិបសាយ (http://distrowatch.com/ )។
បច្ចុប្បន្ននេះ moonOS កំណែ ៣.០ ជាប្រព័ន្ធប្រតិបត្តិការ មានមុខងារ និងដំណើរការដោយពេញលេញ ដែលមានមូលដ្ឋានគ្រឹះលើ LXDE និង Enlightenment DR17 គ្រប់គ្នាអាចប្រើបានយ៉ាងប្រសើរជាមួយកុំព្យូទ័រ Desktop ឬ Laptop ក៏ដូចជា Virtual ម៉ាស៊ីន ផងដែរ ។ ប្រព័ន្ធ moonOS ដែលមានមូលដ្ឋានលើ Ubuntu មាន Linux Kernel, LiveCD Installer, Packages, Repository ហើយមាន២ Edition គឺ moonOS Main Edition និង moonOS LXDE Edition ។ moonOS Main Edition ប្រើ Enlightenment DR17 ជាលំនាំដើម វាដំណើរការលឿនសម្រាប់ Virtual ម៉ាស៊ីន ហើយគាំទ្រ Restricted format, GRUB-GFX, moonOS tools ជាដើម ។ ចំណែក moonOS LXDE Edition គឺប្រើ LXDE ជាលំនាំដើម វាមានល្បឿនលឿន និងមានទំហំតូចដែលប្រសើរសម្រាប់កុំព្យូទ័រចាស់ៗ និងមាន proprietary software, patented technology, គាំទ្រ restricted formats ហើយបានជំនួស GRUB ដោយ GRUB-GFX ព្រមទាំង Tools ជាច្រើនទៀត ។
* LXDE មានពាក្យពេញ Lightweight X11 Desktop Environment វាជា Desktop environment ដែលអាចដំណើរការបានយ៉ាងលឿនបំផុត និង សន្សំសំចៃថាមពល ។ Desktop Environment គឺសំដៅទៅលើ Style ក្រាហ្វិកនៃចំណុចប្រទាក់អ្នកប្រើ (User Interface) ។
* Enlightenment គឺជា Windows Manager សម្រាប់ Linux/X11 និង Platform ផ្សេងទៀតដូចជា FreeBSD, Solaris, MaxOS X, Windows, Windows CE ជាដើម ។ Windows Manager គឺជា System Software ដែលគ្រប់គ្រងនិងត្រួតពិនិត្យទីតាំង និងរូបរាងរបស់ windows នៅក្នុង windowing system ក្នុងលក្ខណៈ graphical user interface ។ ចំណែក DR17 (Development Release)គឺសំដៅលើកំណែ (version)។
|
|
៣. តើមានអ្នកប្រើប្រព័ន្ធប្រតិបត្តិការ moonOS ច្រើនទេនៅប្រទេសកម្ពុជាយើង ?
បាទនៅប្រទេសកម្ពុជា និងតំបន់អាស៊ីមានអ្នកប្រើ moonOS តិចតួចប៉ុណ្ណោះ ប៉ុន្តែអ្នកប្រើភាគច្រើនលើសលុបគឺមាននៅសហរដ្ឋអាមេរិក និងអឺរ៉ុប ។
៤. ប្អូនជាជនជាតិខ្មែរដំបូងដែលបានបង្កើត Linux Distro moonOS ។ តើប្អូនអាចរៀបរាប់ពីដំណើររឿងដំបូងដែលធ្វើឲ្យប្អូនមានទឹកចិត្តក្នុងការបង្កើត moonOS បានទេ?
ខ្ញុំបានចាប់ផ្ដើមប្រើកុំព្យូទ័រដំបូងជាមួយ Windows ដោយសារតែនៅតាមបណ្ដាសាលារៀននិងកន្លែងនានា គឺប្រើតែប្រព័ន្ធប្រតិបត្តិការ Windows ។ ពេលដំបូងខ្ញុំមិនដឹងថាកុំព្យូទ័រមានប្រព័ន្ធប្រតិបត្តិការផ្សេងៗដែលគេអាចប្រើប្រាស់បានទេ។ ប៉ុន្តែពេលដែលខ្ញុំបានឃើញស្តង់របស់គម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ(KhmerOS) នៅកន្លែងតាំងពិព័រណ៍ផលិតផលកម្ពុជាក្នុងឆ្នាំ ២០០៥ ខ្ញុំក៏ចាប់ផ្ដើមយល់អំពីកុំព្យូទ័រ។ ខ្ញុំបានចំណាយពេលប្រហែលជា ៦ខែក្នុងការចាប់ផ្ដើមប្រើកុំព្យូទ័រជាមួយ Windows ប៉ុន្តែក្រោយពីបានជួបគម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរអ្វីៗបានផ្លាស់ប្ដូរ ខ្ញុំបានចាប់ផ្ដើមប្រើលីនុចជាលើកដំបូងជាមួយ Linux distro openSUSE កំណែ 10.2 ដែលបានបកប្រែជាភាសាខ្មែររួចរាល់ដោយគម្រោងKhmerOS ។ ហើយក្រោយមកទៀតខ្ញុំបានទទួលស៊ីឌី Kubuntu ពីKhmerOS ខ្ញុំក៏ឈប់ប្រើ openSUSE ហើយព្យាយាមប្រើ Kubuntu។ វាពិតជាមានការលំបាកដែលប្ដូរមកប្រើរបស់ដែលថ្មី និងប្លែកទាំងស្រុង ប៉ុន្តែខ្ញុំពិតជារីករាយជាមួយវាខ្លាំង ហើយវាក៏ត្រូវជាមួយខ្ញុំដែលចូលចិត្តអ្វីដែលថ្មី ។ មិនយូរប៉ុន្មានខ្ញុំក៏មានគំនិតឆ្ងល់ថាតើគេបង្កើតវាមកយ៉ាងដូចម្ដេច? តាមរបៀបណា? ពីព្រោះតែវាគឺកូដចំហ ដូច្នេះខ្ញុំក៏ចាប់ផ្ដើមស្រាវជ្រាវ និងស្វែងរកនូវចម្លើយទាំងនេះ។ សូមអគុណដល់ក្រុម KhmerOS ដែលបានផ្ដល់សិទ្ធ និងកុំព្យូទ័រក្នុងការប្រើប្រាស់អ៊ីនធឺណិតដើម្បីធ្វើការស្រាវជ្រាវ ។ ខ្ញុំចាប់ផ្ដើមលេងជាមួយ Ubuntu ដោយធ្វើការកែសម្រួល Kernel និង ក្រាហ្វិកចំណុចប្រទាក់អ្នកប្រើ (User Interface) បង្កើតជា Logo និងដាក់ឈ្មោះថ្មី គឺ moonOS ហើយទីបំផុតខ្ញុំក៏បានសម្រេចការចេញកំណែដំបូងនៅចុងឆ្នាំ ២០០៨ តែមិនបានជោគជ័យប៉ុន្មានទេ។ ខ្ញុំក៏ខិតខំបន្ថែមទៀតដោយធ្វើទាំងយប់ទាំងថ្ងៃ ហើយក៏បានចេញកំណែទី ២នៅខែ កុម្ភៈ ឆ្នាំ ២០០៩ ហើយក៏ទទួលបានជោគជ័យយ៉ាងខ្លាំងនៅឯក្រៅប្រទេស ។ ខ្ញុំមានមោទនភាពសម្រាប់កំណែនេះ និងមានការជំរុញបន្ថែមពីបងៗដែលមានបទពិសោធន៍ជាមួយ Open Source ទាំងខ្មែរ និងបរទេសនោះបានធ្វើឲ្យខ្ញុំខិតខំបន្ថែមដើម្បីចុះបញ្ជីជាផ្លូវការជា Linux Distro មួយពេញលេញ និងសម្រេចបានកំណែ ៣.០ជាបន្ត។
|
|
៥. តើប្អូនមានគោលបំណងអ្វីដែរបានជាបង្កើតប្រព័ន្ធប្រតិបត្តិការនេះឡើង?
ខ្ញុំបង្កើត moonOS ក្នុងគោលបំណងចង់បង្ហាញថាកូនខ្មែរមិនមែនមិនចេះស្រាវជ្រាវ ឬចេះដោយសារតែគ្រូមួយមុខនោះទេ។ ខ្ញុំក៏មានបំណងចង់ធ្វើ moonOS នេះដើម្បីឲ្យប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់កុំព្យូទ័រដោយសេរី និងឥតគិតថ្លៃជាមួយ Open Source moonOS ។ moonOS តូចហើយលឿនដែលអាចឲ្យគ្រប់កុំព្យូទ័រទាំងអស់លោកអ្នកដំណើរការវាបាន។ ខ្ញុំមានគោលបំណងចង់ឲ្យអ្នកទាំងអស់គ្នាឈប់មើលរំលងលីនុចទៀត ដោយធ្វើការចូលរួមបង្កើត moonOS ឲ្យមានរូបរាងស្រស់ស្អាត ហើយងាយស្រួលប្រើប្រាស់។ moonOS គឺតម្រូវតាមប្រជាជនកម្ពុជាដែលមានកុំព្យូទ័រមានសមត្ថភាពទាប ហើយគ្មានការប្រើប្រាស់អ៊ីនធឺណិតដើម្បីធ្វើការដំឡើងប្រព័ន្ធប្រតិបត្តិការលីនុច។ ប៉ុន្តែគោលបំណងដែលចង់ឲ្យ moonOS មានភាពងាយស្រួលសម្រាប់អ្នកដែលគ្មានអ៊ីនធឺណិតប្រើប្រាស់គឺមិនទាន់បានសម្រេចនៅឡើយទេ។
|
|
៦. តើប្អូនមានគម្រោងអ្វី ទៅអនាគតសម្រាប់ moonOS នេះ?
គម្រោងអនាគតគឺ moonOS 4.0 ដែលត្រូវតែសម្រេចឲ្យបាននូវគោលដៅបង្កើតភាពងាយស្រួលដល់អ្នកដែលគ្មានអ៊ីនធឺណិតប្រើប្រាស់ ហើយនិងលក្ខណសម្បត្តិជាច្រើន។ ប្រសិនបើអ្នកសួរថាក្រុម moonOS មានប៉ុន្មាននាក់នោះ ខ្ញុំប្រាប់ទៅចុះ គឺមានតែខ្ញុំម្នាក់ទេចាប់តាំងពីគម្រោងបានចាប់ផ្ដើម ដល់កំណែចុងក្រោយ ប៉ុន្តែឥឡូវខ្ញុំបានស្គាល់មិត្តភ័ក្ដិតាមអ៊ីនធឺណិត ពីរបីនាក់ពួកគេបានជួយខ្ញុំក្នុងការធ្វីឲ្យ moonOS មានវត្តមាននៅលើឆាកអន្តរជាតិ។ ពួកគេទាំងនោះមិនមែនជាជនជាតិកម្ពុជាទេ ហើយក៏មិនដែលបានទទួលប្រាក់កម្រៃពីខ្ញុំបន្តិចណាសោះឡើយ។ ប៉ុន្តែពួកគេគឺនៅតែពេញចិត្តក្នុងការជួយសម្រេចគោលបំណងរបស់ខ្ញុំ ហើយក៏មានមិត្តភ័ក្ដិខ្មែរជាច្រើនបានជួយលើកទឹកចិត្តពីក្រោយផងដែរ ។
moonOS បច្ចុប្បន្នគឺត្រូវការអ្នកជួយជាច្រើនដើម្បីអាចឲ្យវាមានលទ្ធភាពបន្តដំណើរទៅរកភាពជោគជ័យ។ បងៗនិស្សិតដែលកំពុងសិក្សាផ្នែក IT នៅក្នុងប្រទេសកម្ពុជា អាចជួយ ក៏ដូចជាអ្នកផ្សេងៗទៀត ទោះជាមិនមានចំណេះដឹងផ្នែកព័ត៌មានវិទ្យាក៏ដោយក៏អាចជួយបានដែរដោយគ្រាន់តែជួយផ្សព្វផ្សាយបន្ត ឬអាចជួយបកប្រែវាទៅជាភាសាខ្មែរពេញលេញ ដែលនេះជាការប្រសើរបំផុត។
សម្រាប់បងៗនិស្សិត ឬបងប្អូនណាដែលមានបំណងចង់ចូលរួមជួយធ្វើការអភិវឌ្ឍន៍ Linux Distro moonOS ជាមួយខ្ញុំ គឺអាចទាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ ០៩០ ៨៥៦០០៤ ឬអ៊ីមែល 12rithy@gmail.com ។
លោកអ្នកអាចស្វែងរក moonOS បាននៅគេហទំព័រ ៖ http://www.moonos.org
និងអាចចូលរួមបកប្រែ moonOS បាននៅគេហទំព័រ ៖ http://translations.launchpad.net/moonos និង http://translations.launchpad.net/enlightenment
|